សម្លរម្ជូរអង្ក្រងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបដែលប្លែកនិងឆ្ងាញ់របស់ខ្មែរ។តើសម្លរម្ជូរអង្ក្រងដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖
- ឆ្អឹងជំនីរជ្រូកខ្ចីកាត់ជាកង់ ១៥០ក្រាម - រំដេង ១ចំណិត
- ប្រហុកចិញ្ច្រាំ កន្លះស្លាបព្រាបាយ - ខ្ជាយ ប៉ុនថ្នាំងដៃ
- គល់ស្លឹកគ្រៃហាន់ ៣ដើម - ម្ទេសទុំ ២ផ្លែ
- ខ្ទឹមស ៤កំពឹស - ស្លឹកម្រះព្រៅ ១០០ក្រាម
- ខ្ទឹមក្រហម ២កំពឹស - អង្ក្រង ១០០ក្រាម
- សម្បកក្រូចសើច ១ចំណិត - ស្លឹកតាមូងបុក ៥០ក្រាម
- ទឹកត្រី ១ស្លាបព្រាបាយ - ស្ករត្នោត កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ - ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- រមៀត ប៉ុនថ្នាំងដៃ - ស៊ុបមាន់ ១ស្លាបព្រាបាយ
- ត្រកួនឈ្លក់ទឹក ១០០ក្រាម - ម្ទេស ១ផ្លែ
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
ជាដំបូងត្រូវយកគល់ស្លឹកគ្រៃ សម្បកក្រូចសើច រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសបុកឱ្យម៉ត់ ទើបដាក់ម្រះព្រៅចូលបុក
ជាមួយគ្នាតែកុំឱ្យម៉ត់ពេក ។
ដាក់ឆ្នាំងឱ្យក្ដៅរួចចាក់ខ្លាញ់ លីងគ្រឿងបុកទាល់តែឈ្ងុយ ហើយដាក់សាច់ជ្រូក ប្រហុក កូរឱ្យឈ្ងុយ ទើបចាក់ទឹកបន្ដិចរួច
ដាក់ស្លឹកម្ជូរតាមូងបុកចូល។
បន្ទាប់មកចាក់ទឹកត្រី ស្ករ ប៊ីចេង អំបិល កូរឱ្យសព្វហើយរម្ងាស់បន្ដិច រួចចាក់ទឹកស៊ុបមាន់ចូល ទុកឱ្យពុះ។
ក្រោយបន្ដិចសូមដាក់ត្រកួននិងអង្ក្រងចូលទុកទាល់តែសាច់ជ្រូកនិងត្រកួនឆ្អិនទើបដាក់ជីម្រះព្រៅចូលរួចភ្លក់យករសជាតិជូរ
ហឹរប្រៃនិងអាចពិសារបានយ៉ាងមានរសជាតិឆ្ងាញ់ពិសារ ៕
No comments:
Post a Comment